
កាលបរិច្ឆេទ: ០៩ មេសា ២០២៦ / សុខភាព / Author : ATH Sokren
កាលពីថ្ងៃទី ១៤ និង ១៥ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ ពិព័រណ៍ឱសថ PharmagoraPlus បានប្រមូលផ្តុំក្រុមហ៊ុនសហគ្រាសដែលមកតាំងពិព័រណ៍ផលិតផលរបស់ខ្លួនរាប់រយនាក់ និងអ្នកជំនាញផ្នែកសុខភាពរាប់ពាន់នាក់នៅឯមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទ Paris Expo Porte de Versailles ដើម្បីពិភាក្សាអំពីនវានុវត្តន៍ និងនិន្នាការនៃឱសថស្ថានសហគមន៍។ ក្នុងបរិបទនេះ សហគ្រាសផលិតឱសថប៉េប៉េអឹមបានចូលរួមជាមួយដៃគូរបស់ខ្លួនគឺក្រុមហ៊ុនចែកចាយឱសថ Distrimex ក្នុងព្រឹត្តិការណ៍នេះ ដែលបានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសបារាំង និងនៅតាមបណ្តាប្រទេសនិយាយភាសាបារាំង។
PharmagoraPlus បានក្លាយជាវេទិកាមួយដ៏សំខាន់សម្រាប់ការផ្តោះប្តូរបទពិសោធគ្នាទៅវិញទៅមករវាងសហគ្រាសផលិតឱសថប៉េប៉េអឹម ក្រុមហ៊ុន Distrimex និងដៃគូសហការទាំងអស់ដែលមានវត្តមាននៅក្នុងពិព័រណ៍។ កិច្ចប្រជុំដែលដឹកនាំដោយលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង អមដោយលោកទ្រី យន នាយកផ្នែកហិរញ្ញវត្ថុ និងលោកស្រី Coumba Diallo នាយកផ្នែកនាំចេញនៅទ្វីបអាហ្វ្រិកនិយាយភាសាបារាំង ជាឱកាសដើម្បីពង្រឹងទំនាក់ទំនងជាមួយក្រុមហ៊ុន Distrimex ណែនាំផលិតផលរបស់សហគ្រាស និងផ្តួចផ្តើមការពិភាក្សាជាក់ស្តែងលើកិច្ចសហការពាណិជ្ជកម្មនាពេលអនាគត។ វត្តមានរួមគ្នានេះបានពង្រឹងជំហររបស់សហគ្រាសផលិតឱសថប៉េប៉េអឹមក្នុងនាមជាអ្នកផ្តល់ដំណោះស្រាយប្លែកៗនៅក្នុងផលប័ត្ររបស់ក្រុមហ៊ុន Distrimex។
ក្រៅពីស្តង់តាំងពិព័រណ៍ផលិតផល និងកិច្ចប្រជុំដែលបានកំណត់កាលបរិច្ឆេទហើយ ការចូលរួមក្នុងពិព័រណ៍ឱសថនេះបានធ្វើឱ្យអ្នកចូលរួមមានដូចជាឱសថការី អ្នកចែកចាយ និងអ្នកធ្វើការសម្រេចចិត្តផ្នែកសុខភាពបានស្គាល់សហគ្រាសផលិតឱសថប៉េប៉េអឹមកាន់តែច្បាស់។ ជំនួបទាំងនោះគឺជាឱកាសមាសដើម្បីពង្រីកទីផ្សារនៅប្រទេសបារាំង និងនៅតាមបណ្តាប្រទេសអាហ្វ្រិកនិយាយភាសាបារាំង ដោយពឹងផ្អែកលើបណ្តាញ និងភ្នាក់ងារកណ្តាលដែលរៀបចំឡើងរួចហើយដោយដៃគូរបស់ក្រុមហ៊ុន Distrimex។
ចាប់ពីពេលនេះតទៅ ការពិភាក្សាដែលបានផ្តួចផ្តើមឡើងក្នុងអំឡុងពេលពិព័រណ៍ PharmagoraPlus កំពុងជំរុញឲ្យមានឱកាសដ៏ល្អ ជាពិសេសទាក់ទងនឹងការពង្រីកការចែកចាយ និងការចុះបញ្ជីផលិតផលរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមនៅតាមទីតាំងលក់។ អាទិភាពចម្បងសម្រាប់ពេលនេះគឺផ្តោតទៅលើការចុះប្រតិបត្តិការដើម្បីប្រែក្លាយថាមពលដែលបានបង្កើតឡើងនៅក្នុងឱកាសតាំងពិព័រណ៍ឱ្យទៅជាលទ្ធផលជាក់ស្តែងក្នុងរយៈពេលដ៏ខ្លី។
ជាចុងក្រោយ ព្រឹត្តិការណ៍នេះក៏ជាឱកាសមួយសម្រាប់ភ្នាក់ងារចែកចាយរបស់សហគ្រាសប៉េប៉េអឹមដែលមកពីទីផ្សារផ្សេងៗ ជួបជុំគ្នាក្នុងបរិយាកាសសប្បាយរីករាយផងដែរ៕